កម្ពុជា​សល់​តែ​អត្ត​ព​លិ​ក​៥​រូប​ដូច​ដើម​ទៅ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្ដី​សង្ឃឹម​ក្នុង​ការ​កើន​ចំនួន​អត្ត​ព​លិ​ក​សម្រាប់​ការ​ ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក មិន​អាច​កើតឡើង​នោះ​ទេ បន្ទាប់​ពី​កីឡាករ​-​កីឡាការិនី​ផ្នែក​ចំបាប់​២​រូប មិន​អាច​ដណ្ដើម​បាន​សិទ្ធិ​សម្រាប់​ការ​ឡើង​ប្រកួត​តាម​ការ​ចង់បាន ។ យ៉ាងណា​ក៏​ដោយ គេ​កត់​សម្គាល់ថា​ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា ប្រឹងប្រែង​ណាស់​ដែរ ប៉ុន្តែ​មក​ពី​គូប្រកួត​ដែល​គេ​ប៉ះ​ជាមួយ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ អាស៊ី និង​ពិភពលោក ទើប​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​។
គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ឧសភា កន្លង​ទៅ កីឡាករ​-​កីឡាការិនី​២​រូប គឺ​កញ្ញា​ចូ​វ សុធា​រ៉ា និង​លោក ងួ​ន មក​រា បាន​ឡើង​ទៅ​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​ជម្រុះ​លើ​ វិញ្ញាសា​ចំបាប់​សម្រាប់​ដណ្ដើម​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ឧសភា នៅ​ក្នុង​ប្រទេស​នោះ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ ភាគច្រើន​នៅ​ទ្វីបអាស៊ី អា​មេ​រិ​ក និង​អឺរ៉ុប ដោយ​គេ​ឃើញ​កញ្ញា​ចូ​វ សុធា​រ៉ា គ្រាន់តែ​បើក​ឆាក​ភ្លាម​ក៏​ប៉ះ​ជាមួយ​កីឡាការិនី​មក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ តែ​ម្ដង ។
លទ្ធផល​ដែល​ធ្លាប់​រំពឹង​ទុក​មិន​អាច​កើតឡើង​នោះ​ទេ ដោយសារ​តែ​ចូ​វ សុធា​រ៉ា ឆ្លង​មិន​ផុត​ការ​ប្រកួត​វគ្គ​ជម្រុះ ហើយ ងួ​ន មក​រា ក៏​ត្រូវ​ហាលអាវ​នៅ​ពាក់កណ្ដាល​ទី ដែល​មាន​ន័យ​ថា បេក្ខភាព​ទាំង​២​របស់​កម្ពុជា គឺ​មិន​មាន​អ្នក​ណា​ម្នាក់​ដណ្ដើម​បាន​សិទ្ធិ​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ ​ពិ​ក​ដូច​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ឡើយ​។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាការិនី ចូ​វ សុធា​រ៉ា បាន​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់​សម្បើម​ណាស់​មុន​ពេល​ឡើង​សង្វៀន ប៉ុន្តែ​ការ​ប្រឹងប្រែង​ដែល​នាង​តស៊ូ​បាន​ត្រឹមតែ​បង្ហាញ​ឲ្យ​អន្តរជាតិ​ បានឃើញ​ទង់ជាតិ​ប្រទេស​កម្ពុជា​ក្នុង​ពេល​បើក​ប្រកួត និង​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​វត្តមាន​កីឡាករ​-​ កីឡាការិនី​កម្ពុជា​ប៉ុណ្ណោះ ។ មិន​ខុស​គ្នា​ដែរ កីឡាករ ងួ​ន មក​រា ក៏​បាន​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​គ្នា​ផង​ដែរ ដោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ហ្វឹកហាត់​ជាមួយ​ម៉ាស៊ីន​ផង និង​ជាមួយ​កីឡាករ​គ្នា​ឯង​ផង ដើម្បី​ឲ្យ​ការ​ប្រកួត​របស់​ខ្លួន​មាន​ផ្លែផ្កា​ល្អ​តាម​អ្វី​ដែល​ចង់បាន​។
យ៉ាងណាមិញ ការ​ប្រកួត​វគ្គ​ជម្រុះ​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក នៅ​តែ​បន្ត​រហូត​ដល់ទី​បញ្ចប់ ប៉ុន្តែ​មិន​មាន​វត្តមាន​កីឡាករ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ទាំង​២​នាក់​ ទទួល​បាន​ជោគជ័យ​នោះ​ទេ ។ ផ្អែក​តាម​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង គឺ​មាន​ន័យ​ថា កម្ពុជា​នៅ​តែ​រក្សា​បេក្ខភាព​ចំនួន​៥​រូប​ដដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ ឡាំ​ពិ​ក ដែល​ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ទាំង​៥​រូប​នោះ គឺ​មាន​តែ ស៊ន សៀវ​ម៉ី ម្នាក់​គត់​ដែល​ដណ្ដើម​បាន​កៅអី​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​កដោយ​សមត្ថភាព ។ ក្រៅពី​នោះ គឺ​បាន​ទៅ​ដោយសារ​តែ​សិទ្ធិ​យោគយល់​ដែល​អូ​ឡាំ​ពិ​ក​ផ្ដល់​ឱ្យ​កម្ពុជា​ជា​ យូរ​មក​ហើយ ក្នុង​នាម​ប្រទេស​ជា​សមាជិក ។ មក​ទល់​ថ្ងៃនេះ ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ ដោយ​អ្នក​ទាំង​ពីរ​ក៏​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​លទ្ធភាព​ដែល​មិន​អាច​ ដណ្ដើម​បាន​សិទ្ធិ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ដែល​ជួយ​កម្ពុជា​កើនឡើង​ចំនួន​ កីឡាករ និង​កីឡាការិនី​នោះ​ផង​ដែរ ។
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា សម្រាប់​អូ​ឡាំ​ពិ​ក​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​បេក្ខភាព​ចំនួន​៥​នាក់​ដោយ​ស្វ័យប្រវត្តិ ដោយ​លោក​បាន​អះអាង​នៅ​មុន​លទ្ធផល​ផ្លូវការ​របស់​ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា ថា កម្ពុជា​នឹង​កើន​ចំនួន ឬ​សល់​ត្រឹមតែ​៥​នាក់​ដដែល អាស្រ័យ​លើ​ការ​ប្រកួត​ជម្រុះ​ផ្នែក​ចំបាប់​របស់​ពួក​គេ ។ លោក​ថា បេក្ខភាព​ដែល​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ ពិ​ក​នោះ​រួម​មាន កីឡាករ​-​កីឡាការិនី​ហែល​ទឹក​២​រូប កីឡាករ​ផ្នែក​រត់ប្រណាំង​២​រូប និង​មួយ​រូប​ចុង​ក្រោយ​គឺ ស៊ន សៀវ​ម៉ី ដែល​ទើប​ដណ្ដើម​បាន​បេក្ខភាព​ពេញ​សិទ្ធិ​តំណាង​ឱ្យ​ទ្វីបអាស៊ី​លើ​វិញ្ញាសា​ តេ​ក្វា​ន់​ដូ ។
លោក​ថា បេក្ខភាព​៤​រូប​មក​ពី​កីឡាហែលទឹក និង​រត់ប្រណាំង​បាន​ទៅ​អូ​ឡាំ​ពិ​ក​រៀង​រាល់​៤​ឆ្នាំ​ម្ដង​មិន​ដែល​ខាន​នោះ​ ទេ ប៉ុន្តែ​បាន​ទៅ​ដោយសារ​តែ​សិទ្ធិ​អនុគ្រោះ​ប៉ុណ្ណោះ ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា​ស៊ន សៀវ​ម៉ី គឺជា​បេក្ខភាព​ដំបូង​គេ​ដែល​ជួយ​ឱ្យ​កម្ពុជា​លើក​ទង់ជ័យ​ដោយ​ ស្មើមុខស្មើមាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ហើយ​នាង​ក៏​ជា​តំណាង​មួយ​រូប​ដែល​កម្ពុជា​រំពឹង​ថា នឹង​មាន​មេដាយ​ត្រឡប់​មក​វិញ​ផង​ដែរ ។ លោក​ថា ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​បង្វឹក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដោយ​យកចិត្តទុកដាក់​ បំផុត ដើម្បី​ឱ្យ​នាង​មាន​សមត្ថភាព និង​មាន​ថាមពល​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ពេល​ប្រកួត​អូ​ឡាំ​ពិ​ក​។ លោក​បាន​បន្លុយ​ពាក្យ​ថា បើ ស៊ន សៀវ​ម៉ី មិន​ទទួល​បាន​ផ្លែ​ផ្លែ​នៅ​អូ​ឡាំ​ពិ​ក កម្ពុជា​ក៏​មិន​រំពឹង​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​ដូច​មុន​នោះ​ដែរ ដោយសារ​តែ​វិញ្ញាសា​ហែល​ទឹក និង​រត់ប្រណាំង គឺ​កីឡាករ​-​កីឡាការិនី​កម្ពុជា​នៅ​មិន​ទាន់​មាន​កម្រិត​អាច​ប្រៀប​នឹង​ កីឡាករ​កីឡាការិនី​ដែល​មក​ប្រកួត​គ្នា​លំដាប់​ពិភពលោក​នោះ​បាន​។
បន្ទាប់​ពី​បាត់បង់​បេក្ខភាព​លើ​វិញ្ញាសា​ចំបាប់​នេះ​ទៅ កម្ពុជា​ទំនងជា​ត្រូវ​ដុតដៃដុតជើង​លើ​កីឡាការិនី ស៊ន សៀវ​ម៉ី ជា​អាទិភាព  ដើម្បី​ប្រាកដ​ចិត្ត​ថា មុខមាត់​កម្ពុជា​កែប្រែ​ឬ​នៅ​ដដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ៕
 
ប្រភព៖everyday
កម្ពុជា​សល់​តែ​អត្ត​ព​លិ​ក​៥​រូប​ដូច​ដើម​ទៅ​អូ​ឡាំ​ពិ​ក កម្ពុជា​សល់​តែ​អត្ត​ព​លិ​ក​៥​រូប​ដូច​ដើម​ទៅ​អូ​ឡាំ​ពិ​ក Reviewed by Unknown on May 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.