សមាសភាពគូប្រកួតប្រដាល់នៅលើសង្វៀនស៊ីអិនស៊ី និងស៊ីធីអិន ថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍នេះ
រាជធានីភ្នំពេញ ៖ សមាសភាពគូប្រកួតប្រដាល់នៅលើសង្វៀនស៊ីធីអិនថ្ងៃសៅរ៍ទី១៤ ឧសភា ខានស្អែកនេះ មានទាំងអស់៥គូ ក្នុងនោះគូអន្តរជាតិមានចំនួន២គូ គឺ ជ័យ ស៊ីណេត មកពីក្លិបឃ្លាំងមឿងកីឡា ជួបប្រកួតជាមួយកីឡាថៃឈ្មោះ ឈីនចាំង ឡាំណាំមួនមួយថៃ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយកីឡាករថៃឈ្មោះលំណាវ សរតាណារ៉ុងរោទ ក្នុងប្រភេទទម្ងន់៦២គីឡូក្រាម ។
សម្រាប់កីឡាករថៃទាំង២រូបនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរពីមុនមកទេ ទើបគេមិនដឹងពីសមត្ថភាពពិតប្រាកដ ប៉ុន្តែបើតាមអ្នកនាំយកមកប្រាប់ថា ពូកគេទាំង២សុទ្ធតែជាជើងខ្លាំង ។ ជាពិសេស ឈីនចាំង ឡាំណាំមួនមួយថៃ តែម្ដង ថ្វីដ្បិតតែប្រវត្តិប្រកួតរបស់គេមិនច្រើនដូចជ័យ ស៊ីណេត តែគេមានផ្លែកែងនិងជង្គង់ល្អ ចលនាវាយចេញក៏រហ័ស កម្លាំងស៊ុហ្វក៏ខ្លាំងទៀតផង។ រីឯជ័យ ស៊ីណេតក៏មិនអន់ប៉ុន្មានដែរ ផ្លែកែង និងជង្គង់របស់កីឡាកររូបនេះរាល់ពេលវាយចេញម្ដងៗបង្កគ្រោះថ្នាក់ខ្លាំងណាស់ តែចរិតឆាប់ឆេវឆាវបន្តិច។ ចាំមើល ជ័យ ស៊ីណេត អាចទប់ទល់ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះបានឬអត់ ។
ចំណែក សុខ សុវណ្ណ ជួបកីឡាករថៃលើកនេះអត់ទាន់មានអ្នកណាហ៊ានទាយទុកមុនថា អ្នកណាខ្លាំងជាងអ្នកណាទេ ។ កីឡាករថៃរូបនេះត្រូវអ្នកនាំមកអះអាងថា ជាជើងខ្លាំងលំដាប់ជួរមុខនៅក្នុងប្រទេសថៃ ខណៈ សុខ សុវណ្ណ ក៏ត្រូវគេស្គាល់ច្បាស់ថា ជាអ្នកប្រដាល់ចាស់វស្សាមួយរូប ធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនមិនតិចនាក់ទេ។ ដូច្នេះបើចង់ដឹងច្បាស់ថា អ្នកណាខ្លាំងជាងអ្នកណាមានតែសង្វៀនស៊ីធីអិនប៉ុណ្ណោះ ទើបអាចបញ្ជាក់បាន ។
នៅលើសង្វៀនដដែល កីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍ ត្រូវគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករ សេក គឹមសាន្ត មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ។ កីឡាករ ហ៊ល តារា មកពីក្លិបសាលវ័ន្តកីឡា ជួបជាមួយកីឡាករចាន់ រតនៈ មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ ភ្នំទ្រព្យ និងកីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករវៀង សាវ៉ន មកពីក្លិបគីសែមានរិទ្ធ ។
ដោយឡែកនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីថ្ងៃអាទិត្យទី១៥ ឧសភា ក៏មានការប្រកួតចំនួន៦គូដែលសុទ្ធតែជាគូខ្លាំងៗផងដែរ ក្នុងនោះកីឡាករ សៅ ចេក មកពីក្លិបសុភានូមានជ័យ ប្រកួតជាមួយកីឡាករ ឡុង សុទី មកពីក្លិបខ្លារិនមានរិទ្ធ ។ កីឡាករឡុង វ៉ាន់ត មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករសូត្រ ខេវិន មកពីក្លិបក្សីស្លាបដែក។ កីឡាករភិន សុទី មកពីក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករ ឆោម ប៊ុនឡុង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ កីឡាករផាន រះ មកពីក្លិបតាព្រហ្មមានជ័យប្រកួតជាមួយកីឡាករផន ផឿត មកពីក្លិបឃ្លាំងមឿងកីឡា ។ កីឡាករសេង កំសត់ មកពីក្លិបគីសែមានរិទ្ធ ប្រកួតជាមួយកីឡាករជឹម សារ៉ាត់ មកពីក្លិបតាព្រហ្មមានជ័យ និងគូចុងក្រោយកីឡាករ ជា លីន មកពីក្លិបរស្មីកុមារកំព្រាប្រកួតជាមួយកីឡាករ ហេង ពៅ មកពីក្លិបកងពលតូចលេខ៧០ ៕


ប្រភព៖កោះសន្តិភាព
សមាសភាពគូប្រកួតប្រដាល់នៅលើសង្វៀនស៊ីអិនស៊ី និងស៊ីធីអិន ថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍នេះ
Reviewed by Unknown
on
May 12, 2016
Rating:
No comments: