សហរដ្ឋអាមេរិកនឹងបន្តហៅជនជាតិភាគតិចកាន់សាសនាឥស្លាមនៅមីយ៉ាន់ម៉ាថា «រ៉ូហ៊ីងយ៉ា»
ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា និយាយថា លោកនឹងបន្តប្រើប្រាស់ពាក្យ «រ៉ូហ៊ីងយ៉ា» ដើម្បីពណ៌នាជនជាតិភាគតិចកាន់សាសនាឥស្លាមដែលត្រូវបានគេធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុងរ៉ង់ហ្គូន —
លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Scot Marciel បានប្រាប់សន្និសីទកាសែតនៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងរ៉ង់ហ្គូនថា «របៀបដោះស្រាយជាសាកលហើយនិងការអនុវត្តជាលក្ខណៈអន្តរជាតិធម្មតារបស់យើង គឺទទួលស្គាល់សហគមន៍នានានៅគ្រប់ទីកន្លែងដែលមានលទ្ធភាព ពួកគេអាចជ្រើសរើសអ្វីដែលពួកគេចង់ឲ្យគេហៅ»។
លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ទៀតថា «ការណ៍នេះជាការប្រតិបត្តិអន្តរជាតិដ៏សំខាន់ហើយយើង គោរពការប្រតិបត្តិនេះហើយនេះជារបៀបដោះស្រាយរបស់យើងនៅទីនេះ ហើយការណ៍នេះ នឹងបន្តជារបៀបដោះស្រាយរបស់យើងនៅទីនេះ»។
ពួកអ្នកកាន់សាសនាព្រះពុទ្ធមីយ៉ាន់ម៉ាជាច្រើន បានចាត់ទុកក្រុមជនជាតិភាគតិចនោះថាជាបង់ហ្គាលីដែលមានន័យថា ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដែស ថ្វីបើពួកគេជាច្រើន បានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រាប់ជំនាន់មកហើយក៏ដោយ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបានទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាជាផ្លូវការថាជាជនជាតិភាគតិចទេ ដោយបដិសេធមិនផ្តល់សេរីភាពសំខាន់ៗនិងសញ្ជាតិដល់ពួកគេទេ។
រ៉ូហ៊ីងយ៉ាមួយផ្នែកធំបានត្រូវគេរារាំងមិនឲ្យបានទទួលការសិក្សាអប់រំជាន់ខ្ពស់ហើយប្រឈមការគំរាមកំហែងហិង្សាជាប្រចាំនៅពេលដែលពួកជ្រុលនិយមកាន់ព្រះពុទ្ធសាសនាកើនចំនួន។
ជនជាតិរ៉ូហ៊ីងយ៉ា១សែន២ម៉ឺននាក់ បានរស់នៅក្នុងជំរំដ៏កខ្វក់សម្រាប់អ្នកគ្មានទីជម្រកបន្ទាប់ពីបានត្រូវបង្ខំឲ្យរត់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួនបន្ទាប់ពីហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine រវាងពួកអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាឥស្លាមនៅឆ្នាំ២០១២។
លោកឯកអគ្គរដ្ឋទូត បានជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើការដោះស្រាយជាបន្ទាន់នូវវិបត្តិមនុស្សធម៌នៅក្នុងរដ្ឋ Rakhineដែលនៅទីនោះ មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល១លាននាក់រស់នៅ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា «ភាពជោគជ័យតម្រូវឲ្យមានចំណាត់ការហួសពីអតីតកាលហើយធ្វើការរួមដើម្បីជម្នះរាល់ឧបសគ្គខ្វែងគំនិតហើយនឹងបង្កើតឱកាសនិងផ្តល់ផលប្រយោជន៍ដល់មនុស្សទាំងអស់»។
លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ទៀតថា «ឧទាហរណ៍ នៅក្នុងរដ្ឋ Rakhine ការណ៍សំខាន់ដើម្បីលើកទឹកចិត្តការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងទូលំទូលាយ រួមមានការធ្វើឲ្យប្រសើរឡើងនូវការសិក្សាអប់រំ និងការថែទាំសុខភាព និងស្ថាបនាការសន្ទនាហើយនឹងទំនុកចិត្តក្នុងចំណោមសហគមន៍នានា ដើម្បីដោះស្រាយសេចក្តីត្រូវការខាងមនុស្សធម៌ជាបន្ទាន់ និងការរឹតត្បិតដែលបានធ្វើឲ្យសហគមន៍នានាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុត៕
លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា។
ប្រភព៖ VOA
សហរដ្ឋអាមេរិកនឹងបន្តហៅជនជាតិភាគតិចកាន់សាសនាឥស្លាមនៅមីយ៉ាន់ម៉ាថា «រ៉ូហ៊ីងយ៉ា»
Reviewed by Unknown
on
May 12, 2016
Rating:
No comments: