ក្នុងការព្យាយាមបញ្ឈប់ការបរបាញ់ដំរីខុសច្បាប់ ប្រទេសកេនយ៉ាបានដុតកម្ទេចចោលភ្លុកដំរីជាង១០០តោន
ដើម្បីផ្ញើសារទៅកាន់ពិភពលោកថា ភ្លុកដំរីមានតម្លៃពេលវានៅលើសត្វដំរីជាជាងភ្លុកដំរីលើទីផ្សារ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ ប្រធានាធិបតីប្រទេសកេនយ៉ាលោក Uhuru Kenyatta បានដុតកម្ទេចចោលគំនរស្តុកភ្លុកដំរីក្នុងប្រទេស ដែលនេះជាការដុតកម្ទេចចោលភ្លុកដំរីដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។
ក្រុងណៃរ៉ូប៊ី —
ពពកផ្សែងហុយទ្រលោមបានសាយភាយពាសពេញឧទ្យានជាតិក្រុងណៃរ៉ូប៊ី ខណៈពេលដែលលោកប្រធានាធិបតីប្រទេសកេនយ៉ាបានចូលរួមជាគណៈអធិបតីក្នុងពិធីដុតកម្ទេចចោលភ្លុកដំរី១០៥តោន និង កុយរមាស១,៣៥តោន។
លោក Kenyatta បាននិយាយថា «គំនរភ្លុកដំរីដ៏ខ្ពស់នៅខាងមុខយើងនេះជា ការបង្ហាញពីភាពរឹងមាំនៃការប្តេជ្ញារបស់យើង។ នៅខាងមុខលោក លោកស្រី អ្នកនាងកញ្ញាគឺជា គំនរភ្លុកដំរី និងកុយរមាសដែលត្រូវបានរឹបអូសក្នុងទំហំដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក ដើម្បីយកមកដុតកម្ទេចចោលក្នុងពេលនេះ។ យើងមានហេតុផល យ៉ាងច្បាស់ក្នុងការដុតកម្ទេចចោលនេះ។ នឹងមិនមាននរណាម្នាក់ ខ្ញុំសុំនិយាយម្តងទៀត នឹងមិនមាននរណាម្នាក់ធ្វើជំនួញភ្លុកដំរី ព្រោះការធ្វើជំនួញប្រភេទនេះគឺជាមរណភាព។ មានន័យថា មរណភាពនៃសត្វដំរីយើង និងមរណភាពនៃមតកធម្មជាតិរបស់យើង»។
ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញារបស់ប្រទេសកេនយ៉ា ក្នុងការបញ្ឈប់ការរីករាលដាលនៃការបរបាញ់សត្វខុសច្បាប់ ដែលនាំឲ្យមានការសម្លាប់ដំរីរាប់ម៉ឺនក្បាលដើម្បីយកភ្លុកនៅទូទាំងទ្វីបទាំងមូល។
សរុបមក ភ្លុកដំរីដែលត្រូវបានដុតកម្ទេចចោលនេះគឺ យកមកពីដំរីប្រមាណជា៨.៥០០ក្បាល នេះបើយោងតាមអ្នកនាំពាក្យនៃអង្គការសេវាសត្វព្រៃកេនយ៉ា (Kenya Wildlife Service)។
អ្នករិះគន់មួយចំនួនបានអះអាងថា ប្រទេសក្រីក្រដូចប្រទេសកេនយ៉ាគួរតែលក់ភ្លុកដំរីទាំងអស់នោះដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនខ្លួនវិញ។ ក៏ប៉ុន្តែអង្គការសេវាសត្វព្រៃកេនយ៉ាបានឆ្លើយតបវិញថា ការលក់ជ័យភណ្ឌខុសច្បាប់ទាំងអស់នេះនឹងរឹតតែបង្កើនការបរបាញ់ដំរីខុសច្បាស់កាន់តែច្រើនឡើង និងគំរាមកំហែងដល់ការផុតពូជសត្វដំរីយ៉ាងខ្លាំង។ ដំរីរស់គឺមានតម្លៃ ចំណែកឯភ្លុកដំរីមិនមានតម្លៃទេ។
ឧបការីក្រសួងគ្រប់គ្រង និងធនធានរបស់សហរដ្ឋអាមេរិក លោកស្រី Heather Higginbottom ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ និងមានប្រសាសន៍ថា ការសង្គ្រោះដំរី គឺជាការជួយមនុស្សគ្រប់គ្នា។
លោកស្រីបាននិយាយថា «សត្វដំរីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដល់វិស័យទេសចរណ៍ ប្រព័ន្ធអេកូឡូស៊ី និងរក្សាស្ថិរភាព ហើយធានាថា មានមនុស្សកាន់តែច្រើនឡើងៗចង់ឃើញប្រភេទសត្វដ៏អស្ចារ្យនេះ។ ទាំងអស់នេះហើយ នឹងជួយប្រជាជនកេនយ៉ា ក៏ដូចជាសង្រ្គោះជម្រកសត្វ និង សត្វនានា»។
ការបរបាញ់សត្វខុសច្បាប់ មានការកើនឡើងដល់កម្រិតប្រកាសអាសន្ន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសត្វដំរីអំបូរអាហ្វ្រិកប្រហែលជា១០០.០០០ក្បាល ត្រូវបានសម្លាប់ចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២។ លោក James Isiche នាយកប្រចាំតំបន់នៃមូលនិធិអន្តរជាតិ សម្រាប់សុខុមាលភាពសត្វព្រៃនៅអាហ្វ្រិកខាងកើត បាននិយាយថា ចំនួននៃសត្វដំរីខាងលើនេះ តំណាងឲ្យការគំរាមកំហែងដល់សត្វដំរីនៅគ្រប់ទិសទីទាំងអស់។
លោកបាននិយាយថា «ប្រសិនបើ វានៅតែបន្ត ប្រសិនបើការសម្លាប់នៅតែបន្តដូចសព្វថ្ងៃ ពួកយើងនឹងមិនអាចធានា និរន្តភាពនៃចំនួនសត្វដំរីក្នុងរយៈពេល២០ឆ្នាំខាងមុខឡើយ»។
ប្រទេសកេនយ៉ាទទួលបាននូវជោគជ័យក្នុងការកាត់បន្ថយ ការបរបាញ់សត្វខុសច្បាប់ ដែលចំនួនសត្វដំរីត្រូវបានសម្លាប់បានថយពី៣៨៤ក្បាល ក្នុងឆ្នាំ២០១២ មកត្រឹមតែចំនួន ៩៦ក្បាល ក្នុង ឆ្នាំ២០១៥។ ទោះជាយ៉ាងនេះក្តី អ្នកអភិរក្សបាននិយាយថា ដំណើរការទៅមុខនេះអាចនឹងវិលថយក្រោយវិញយ៉ាងឆាប់រហ័ស ប្រសិនបើប្រជាជនមិនបន្តការគាំពារ និងកិច្ចប្រឹងប្រែងអភិរក្សនោះទេ។ ប៉ុន្តែ ប្រសិនបើ ប្រជាជនអាចបន្តការគាំពារ និងកិច្ចប្រឹងប្រែងអភិរក្ស នាយកប្រតិបត្តិនៃអង្គការអភិរក្សសត្វព្រៃ លោក Wildaid Peter Knights បានមានប្រសាសន៍ថា ការដុតកម្ទេចចោលភ្លុកដំរី ក្នុងឆ្នាំ២០១៦ របស់ប្រទេសកេនយ៉ាអាចជារឿងមួយដ៏ត្រឹមត្រូវ។
លោកបាននិយាយថា «ខ្ញុំគិតថា បើយើងក្រឡេកក្រោយមើលប្រវត្តិសាស្រ្តនោះ យើងសង្ឃឹមថា យើងនឹងមើលឃើញរូបភាពមួយដែលបង្ហាញពីអវសាននៃការជួញដូរភ្លុកដំរី។
លោកប្រធានាធិបតី Kenyatta មានប្រសាសន៍ថា លោកនឹងស្វះស្វែងដើម្បីដាក់បម្រាមទាំងស្រុងលើការជួញដូរភ្លុកដំរីក្នុងកិច្ចប្រជុំស្តីពីការជួញដូរសត្វព្រៃអន្តរជាតិនៃសន្ធិសញ្ញា CITES ដែលនឹងប្រារព្ធឡើងនាខែកញ្ញាខាងមុខនេះ៕
ប្រភព៖ VOA
ក្នុងការព្យាយាមបញ្ឈប់ការបរបាញ់ដំរីខុសច្បាប់ ប្រទេសកេនយ៉ាបានដុតកម្ទេចចោលភ្លុកដំរីជាង១០០តោន
Reviewed by Unknown
on
May 10, 2016
Rating:
No comments: