សាលាខេត្តឧត្តរមានជ័យ ស្តារបឹងប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីស្តុកទឹកជូនប្រជាពលរដ្ឋ
(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានចុះបើកការដ្ឋានស្តារ បឹងស្នោរ ប្រវែងជាង៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិឈូក ក្រុងសំរោង ដើម្បីស្តុកទឹកទុកប្រជាពលរដ្ឋប្រើប្រាស់។
គ្រាដែលប្រទេសកម្ពុជាកំពុងជួបគ្រោះរាំងស្ងួត ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវប្រឈមអត់ទឹកប្រើប្រាស់នោះ លោក ស ថាវី បានចាប់ផ្តើមស្តារបឹងស្នោរ ដែលមានបណ្តោយប្រវែង៣២០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៥ម៉ែត្រ ដើម្បីស្តុកទឹកបានកាន់តែច្រើនជូនប្រជាពលរដ្ឋប្រើប្រាស់។ បឹងនេះ ក៏នឹងធ្វើផ្លូវព័ទ្ធជុំវិញប្រវែង២៩៤០ម៉ែត្រ និងទទឹង២០ម៉ែត្រ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ហើយអាចនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
លោក ស ថាវី បានថ្លែងថា សមិទ្ធិផលដែលកើតឡើងនេះ ជាការស្នើសុំរបស់ប្រធានក្រុមការងារថ្នាក់ជាតិ លោក គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានស្នើសុំទៅលោកបណ្ឌិត អូន ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដែលលោកអញ្ជើញចុះមកខេត្តឧត្តរមានជ័យ។
លោក ស ថាវី បានបន្តទៀតថា ការស្តារស្រះបឹងស្នោរនេះ មិនត្រឹមតែសម្រាប់យកទឹកទុកប្រើប្រាស់ជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយប៉ុណ្ណោះទេ តែបានធ្វើផ្លូវចាក់កៅស៊ូ សួនច្បារសម្រាប់ប្រជាពលរដ្ឋចូលកំសាន្តនៅទីនោះ ឫ ក៏អាចមើលការប្រណាំងទូកបានទៀតផង ដែលកាលពីមុនមើលការប្រណាំងទូកបានតែម្ខាងប៉ុណ្ណោះ។
លោក ស ថាវី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា ទាំងអនាម័យ និង បរិស្ថាន ហើយបានប្រកាសថា មិនមានធ្វើអូតែល ឬហាងនៅលើបឹងស្នោរ ហើយក៏គ្មានអ្នកណាអាចយកធ្វើជាកម្មសិទ្ធបានដែង។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានចែកសារុងម្នាក់មួយ ដល់ប្រជាពលរដ្ឋ និងកងកម្លាំង ដែលបានចូលរួម និងសិស្សានុសិស្សសៀវភៅ ១ក្បាល ប៊ិច១ដើម ថវិកា៥០០០រៀល៕



ប្រភព៖Fresh News
សាលាខេត្តឧត្តរមានជ័យ ស្តារបឹងប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីស្តុកទឹកជូនប្រជាពលរដ្ឋ
Reviewed by Unknown
on
May 10, 2016
Rating:
No comments: