ហ្វីលីពីន​ចាប់​ពង្រឹង​ខ្លាំង​សន្តិសុខជាតិ នៅមួយ​ថ្ងៃ​មុនបោះឆ្នោត​ជាតិ

ប្រជាជន​ហ្វីលីពីន នៅព្រឹក​ថ្ងៃ​ចន្ទ ទី​៩​ឧសភា ត្រូវទៅ​ចូលរួម​បោះឆ្នោត​ជាតិ ដែល​នៅក្នុង​នោះ​ក៏មាន​ផងដែរ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ នៅ​ក្នុង​បរិយាកាស​ដ៏​តានតឹង គ្របដណ្តប់​ដោយ​អំពើហិង្សា​នយោបាយ រដ្ឋាភិបាល​ហ្វីលីពីន បាន​ប្រកាស​ដាក់​ពង្រាយ​ប៉ូលិស​ប្រមាណ ១សែន ៣ម៉ឺននាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​នៅ​តាម​ច្រកត្រួត​ពិនិត្យ​សំខាន់ ទៅក្នុង​ប្រទេស។ មន្រ្តី​បោះឆ្នោត​ឯណោះវិញ​បាន​ព្រមាន​រួចហើយ​ពី សកម្មភាព​ទិញ​សន្លឹកឆ្នោត​យ៉ាងព្រោងព្រាត និង​បើកចំហរ នៅមួយ​ថ្ងៃ​មុន​ការបោះឆ្នោត។

ការបោះឆ្នោត​ជាតិ​នៅ​ហ្វីលីពីន​ មិនមែន​គ្របដណ្តប់​ដោយ​តែ​អំពើហិង្សា នយោបាយ​សម្លាប់​មនុស្ស​តែប៉ុណ្ណោះទេ ប៉ុន្តែ អំពើពុករលួយ ការទិញ​សន្លឹកឆ្នោត ដ៏​គគ្រឹកគគ្រេង​ពី​សំណាក់​បេក្ខជន​ឈរឈ្មោះ ក៏​កើតមាន​ផងដែរ នៅ​រាល់​ការបោះឆ្នោត​មិន​ថា នៅ​ថ្នាក់ភូមិ ឬ​ថ្នាក់​ជាតិ។

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​នៅមួយ​ថ្ងៃ​មុន​ការិយាល័យ​បោះឆ្នោត​បើកទ្វារ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ហ្វីលីពីន​បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​ថា ការទិញ​សន្លឹកឆ្នោត​បាន​កើតមាន​គ្រប់​កន្លែង។ ទោះជា​ការទិញ​សន្លឹក​ឆ្នោត​ខុសច្បាប់ ប៉ុន្តែ វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព ដែល​អ្នកនយោបាយ​តែងតែ​ប្រើ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ម្ចាស់ឆ្នោត។ តាម​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គេ​បាន​ទទួល​របាយការណ៍​ស្តីពី​ការទិញ​សន្លឹកឆ្នោត ដែល​ធ្វើឡើង​ក្នុង​គ្រប់រូបភាព។ នៅក្នុង​ប្រទេស​ហ្វីលីពីន​ជាទី ដែល​មួយភាគបួន នៃ​ប្រជាជន​១០០​លាន​នាក់ រស់នៅក្រោម​ខ្សែបន្ទាត់​ក្រីក្រ គេ​អាច​ទិញ​សំឡេង​ឆ្នោត ដោយ​ប្រើ​លុយ ឬ​អំណោយ ជា​ធុងទឹក ឬ​សូម្បី​តែ​គ្រឿងទេស​សម្រាប់​ឆ្នាំងបាយ។

ដើម្បី​ទប់ស្កាត់​ការទិញ​សន្លឹកឆ្នោត នៅ​ក្នុង​ការបោះឆ្នោត​លើកនេះ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​អះអាងថា គេ​នឹង​ហាម​​អ្នកទៅបោះឆ្នោត មិន​ឲ្យ​នាំចូល​ទូរស័ព្ទ​ទៅក្នុង​បន្ទប់​បោះឆ្នោត​ ព្រោះថា បើមិនដូច្នេះ​ទេ គេ​នឹង​អាច​ប្រើ​ទូរស័ព្ទ​ដើម្បី​ថត ផ្តិត​យក​រូបភាព​សន្លឹកឆ្នោត ទៅ​ធ្វើ​ជា​ភស្តុតាង បញ្ជាក់​ទៅ​ម្ចាស់​អំណោយ​ថា គេ​ពិត​ជា​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​បាន​ផ្តល់​លុយ ឬ​អំណោយ​មែន។

នៅ​ឯថ្នាក់​ជាតិ​វិញ បេក្ខជន​ប្រធានាធិបតី​បាន​ចោទ​គ្នា​ទៅវិញ ទៅមក ពីបទ​បង្ក​ភាពមិន​ប្រក្រតី នៅ​មុន​ការបោះឆ្នោត។ លោក​ប្រធានាធិបតី​ហ្វីលីពីន អាគីណូ ដែល​មិន​អាច​ឈរ​ឈ្មោះ​ជាថ្មី ដោយសារ​ការហាម​របស់​រដ្ឋធម្មនុញ្ញ បាន​ព្រមាន​រួច​ហើយ​ថា បេក្ខជន មាន​សំឡេង​នាំមុខ​គេ គឺ​លោក​Rodrigo Duterte ថា ជា​មេដឹកនាំ​ផ្តាច់ការ ដែល​អាច​នាំ​អំពើ​កាប់សម្លាប់​គ្នា​យ៉ាងឃោឃៅ​ចូល​ក្នុង​សង្គម​ហ្វីលីពីន។ លោក​​ ចៅហ្វាយក្រុង​ដាវ៉ៅ ធ្លាប់​បាន​ទទួល​ស្គាល់ ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបញ្ជារ​ឲ្យ​គេ​សម្លាប់​ជនសង្ស័យ មុន​ការជំនុំជម្រះ និង​សម្លាប់​កុមារ​ដែល​រស់នៅ​តាម​ថ្នល់ នៅ​ទីក្រុង​ដាវ៉ៅ ភាគខាងត្បូង​ហ្វីលីពីន។
ឆ្លើយបក​ទៅវិញ លោក​ Rodrigo Duterte​បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ថា កំពុង​រៀបចំ​គម្រោង បន្លំ​សន្លឹកឆ្នោត ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ជួយ​ឲ្យ​បេក្ខជន​សំណព្វចិត្ត​របស់​លោក គឺ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បច្ចុប្បន្ន ឲ្យ​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី។ ទាំង​លោក​ Rodrigo Duterte និង​អ្នកគាំទ្រ​របស់​លោក​បាន​ព្រមាន​រួចហើយ​ពី​ធ្វើ​បដិវត្តន៍​ប្រឆាំង បើសិន លោក​ Rodrigo Duterte ចៅហ្វាយក្រុង ដាវ៉ៅ មិន​ឈ្នះឆ្នោត​ទេនោះ៕
media
អ្នកគាំទ្រ​បេក្ខជន​ថ្នាក់​មូលដ្ឋាន​ប៉ះទង្គិច​ជាមួយ​ទាហាន​ហ្វីលីពីន នៅ​បីថ្ងៃ​មុន​ការបោះឆ្នោតជាតិ​ 
ប្រភព៖ RFI
ហ្វីលីពីន​ចាប់​ពង្រឹង​ខ្លាំង​សន្តិសុខជាតិ នៅមួយ​ថ្ងៃ​មុនបោះឆ្នោត​ជាតិ ហ្វីលីពីន​ចាប់​ពង្រឹង​ខ្លាំង​សន្តិសុខជាតិ នៅមួយ​ថ្ងៃ​មុនបោះឆ្នោត​ជាតិ Reviewed by Unknown on May 09, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.