អគ្គិភ័យ​បំផ្លាញ​ព្រៃ​កាណាដា​កើនឡើង​ទ្វេដង​ក្នុងរយៈពេល​តែមួយថ្ងៃ

មួយសប្តាហ៍​មក​ហើយ ទំហំ​ភ្លើង​ឆេះព្រៃ​នៅ​កាណាដា​មិន​បាន​ចុះ​ថមថយ។ នៅត្រឹម​តែ​ថ្ងៃ​សៅរ៍​ម្សិលមិញ មហាអគ្គី ដែល​គេ​លែង​អាច​គ្រប់គ្រងបាន​តទៅទៀត បាន​បង្កើន​ល្បឿន ឆាបឆេះ បំផ្លាញ ព្រៃ​ប្រមាណ ២សែន​ហិចតា ក្នុងខេត្ត​អាល់ប៊ែរតា ស្ថិតនៅ​ប៉ែក​ខាងលិច​ប្រទេស​កាណាដា។ ជីវិត​មនុស្ស​លែង​ស្ថិតនៅក្នុង​គ្រោះថ្នាក់ នៅក្រោយ​ប្រតិបត្តិការ​ជម្លៀស​យ៉ាង​ទាន់ហន់ ប៉ុន្តែ គឺ​ទីតាំង​ស្ថានីយ៍​បូមប្រេង​ដែលអាច​ធ្លាក់​ក្នុង​អណ្តាត​ភ្លើង​ឆេះព្រៃ។ 
តាម​តុល្យការ​ចុងក្រោយ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន របស់​ខេត្ត​អាល់ប៊ែរតា ភ្លើងឆេះព្រៃ​បាន​រីករាលដាល​យ៉ាងលឿន ដល់​ទៅ​ពីរដង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ព្រៃ​កាណាដា​អស់​មួយសប្តាហ៍​មកហើយ នៅ​បន្ត​ល្បឿន​របស់ខ្លួន ក្នុង​ពេល​ដែល​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​កាណាដា​ជាង ១៤០០​នាក់​លែង​អាច​គ្រប់គ្រង​អគ្គិភ័យ​នៅ​ចំនួន ៧កន្លែង ក្នុង​ចំណោម​ភ្លើងឆេះព្រៃ សរុប ៣៤​កន្លែង​នៅ​ខេត្ត​អាល់ប៊ែរតា។ ខេត្ត​ភាគ​ខាងលិច​របស់​កាណាដា ដែល មាន​ទំហំ​ស្មើ​នឹង​ប្រទេស​បារាំង។
តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​កាណាដា ភ្លើងឆេះព្រៃ​នៅ​តែ​ខ្លាំងក្លា និង​គ្រោះថ្នាក់​ដោយសារ​តែ​កត្តា​មិន​អំណោយផល​មួយចំនួន ដូចជា​ការកើនឡើង​នៃ​សីតុណ្ហភាព​ដល់​៣០អង្សាសេ ល្បឿន​ខ្យល់បក់ ហើយ​និង​ការរាំងស្ងួតចែស ស្មៅព្រៃ​ដោយសារ​តែ​គ្មាន​ភ្លៀង មួយតំណក់ ក្នុង​រយៈពេល ២ខែ​ចុងក្រោយនេះ។
 
នៅចំពោះមុខ​ការគំរាមកំហែង​របស់​អគ្គិភ័យ​ដែល​មិនព្រម​ថមថយ​កម្លាំង អាជ្ញាធរ​ខេត្ត​អាល់ប៊ែតា​បាន​បញ្ជា​ឲ្យ​គេ​ជម្លៀស​ប្រជាជន​ជាង ២ម៉ឺននាក់ ដែល​នៅ​ជាប់គាំង ជ្រក​ក្នុង​អគារ​របស់​ក្រុមហ៊ុន​ប្រេង នៅ​ទីក្រុង​Fort McMurray។ ជីវិត​មនុស្ស​លែង​សូវ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ប៉ុន្តែ ភ្នាក់ងារ​ពន្លត់អគ្គិភ័យ ប្រមាណ​ពាក់កណ្តាល​របស់​ខេត្ត​អាល់ប៊ែរតា កំពុង​តែ​ឈរជើង ប្រចាំការ​នៅតាម​កន្លែង​សំខាន់ៗ​របស់​ទីក្រុង​Fort McMurray ដែល​ជាទីក្រុង​ផលិត​ប្រេង និង​ដង្ហើម​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​កាណាដា។
 
ភ្លើងឆេះ​សន្ធោសន្ធៅ ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​Fort McMurray ជា​កង្វល់​បារម្ភ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​ផលិតប្រេង​កាណាដា។ ដោយសារ​តែ​ ផ្សែង​ភ្លើង ក្រុមហ៊ុន​ប្រេង Syncrude នៅ​ថ្ងៃ​សៅរ៍ បាន​សម្រេច​ផ្អាក​បិទ​រោងចក្រ​របស់ខ្លួន នៅពេល​ដែល​យន្តហោះ​ជួយសង្រ្គោះ បាន​ជួយ​ជម្លៀស​បុគ្គលិក​របស់ក្រុមហ៊ុន ជិត​៥​ពាន់​នាក់។
 
តាមអ្នកជំនាញ ភ្លើងឆេះព្រៃ​លើកនេះ បាន​បណ្តាល​ឲ្យ​មាន​ការខាតបង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ប្រេង នៅ​ខេត្ត​អាល់ប៊ែរតា ដែល​បាន​ខាតបង់​លុយ​រាប់​លាន​ដុល្លារ ក្នុង​មួយថ្ងៃ បន្ទាប់ពី​បាន​កាត់បន្ថយ​ការផលិត​ប្រេង​ប្រមាណ ១លាន​បារីល ក្នុង​មួយថ្ងៃ គឺ​ស្មើ​នឹង​មួយភាគបួន នៃ​ការផលិត​ប្រេង​សរុប​របស់​កាណាដា៕
media 
ប្រភព៖ RFI 
អគ្គិភ័យ​បំផ្លាញ​ព្រៃ​កាណាដា​កើនឡើង​ទ្វេដង​ក្នុងរយៈពេល​តែមួយថ្ងៃ អគ្គិភ័យ​បំផ្លាញ​ព្រៃ​កាណាដា​កើនឡើង​ទ្វេដង​ក្នុងរយៈពេល​តែមួយថ្ងៃ Reviewed by Unknown on May 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.